នៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ទី១៤និង១៥ ខែមិថុនា ឆ្នាំ២០១៤ ខាងមុខនេះ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ហៅកាត់ថា BCV នឹងរៀបចំជាកម្មវិធី តាំងពិព័ណ៌រូបថតសហគមន៍ ជាលើកទីពីរ ក្រោមប្រធានបទ៖ «ធនធានធម្មជាតិសហគមន៍ខ្ញុំ» បន្ទាប់ពីការតាំងបង្ហាញជាលើកទីមួយនៅក្នុងខែធ្នូ ឆ្នាំ២០១៣កន្លងមក ទទួលបានការគាំទ្រយ៉ាងជោគជ័យ។
កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង លើកទឹកចិត្តដល់ក្រុមសហគមន៍ជាអ្នកស្ម័គ្រចិត្តផលិតព័ត៌មាន ដែលបានទទួលការបណ្តុះបណ្តាល និងគាំទ្រពីសំណាក់អង្គការ BCV ក្នុងការនាំយកនូវរូបថត ដែលជាស្នាដៃថតរូបរបស់ពួកគាត់មកបង្ហាញដល់សារធារណៈជន។
ម៉្យាងវិញទៀតការបង្ហាញរូបថតនេះ ក៏ជាផ្នែកមួយក្នុងការនាំយកមកនូវស្ថានភាពជាក់ស្តែងក្នុងសហគមន៍ ស្តីពីធនធានធម្មជាតិដែលនៅក្នុងតំបន់របស់ពួកគាត់ ដែលជាប្រភពនៃចំនូល សំរាប់រស់រានមានជីវិតរបស់ពួកគាត់ ហើយក៏ជាប្រភពនៃជីវៈចំរុះនានា ថាតើបច្ចុប្បន្ននេះ វាបានក្លាយទៅជាយ៉ាងណា? តើវាបានផ្តល់នូវផលប៉ះពាល់ ល្អឬអាក្រក់យ៉ាងណា ចំពោះសហគមន៍មូលដ្ឋានផ្ទាល់ ចំពោះសហគមន៍ដែលនៅក្នុងតំបន់ ចំពោះប្រជាជនដែលនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល។
ដើម្បីឲ្យបានជ្រាបច្បាស់ និងដើម្បីជាការលើកទឹកចិត្តដល់សហគមន៍ សូមអស់លោក លោកស្រីមេត្តាផ្តល់កិត្តិយស ចូលរួមទស្សនាឲ្យបានច្រើនកុះករ។
កម្មវិធីនឹងរៀបចំឡើងនៅ ផ្ទះមេត្តា (Meta House) អាស័យដ្ឋានផ្ទះលេខ ៣៧ វិថីសម្តេចសុទ្ធារស់ ទល់មុខច្រទ្វារចូលខាងលិច សកលវិទ្យាល័យ បៀលប្រាយ ចាប់ពីម៉ោង៨ព្រឹក រហូតដល់ម៉ោង ៥រសៀល ជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៥ ខែមិថុនា ឆ្នាំ២០១៤។
ព័ត៌មានលំអិតសូមទំនាក់ទំនង៖ លោក រ៉ន សុភ័ក្រ្តបញ្ញា ០៧៧ ៥៥៨ ២៨២ និងកញ្ញា វណ្ណ សោភ័ណ្ឌ ០១៦ ៧៧២ ៣៣៣។
សូមអរគុណ!